កាល់ស្យូមសំខាន់យ៉ាងនេះឫ សម្រាប់ទារកនិងកុមារ
កុមារកាន់ធំ តម្រូវការលើជាតិកាល់ស្យូមកាន់តែមានការកើនឡើង។ ជាតិកាល់ស្យូមជាជាតិរ៉ែមួយប្រភេទដែលមានសារៈសំខាន់សម្រាប់ជួយឱ្យក្មេងលូតកម្ពស់ ព្រមទាំងជួយឱ្យឆ្អឹងនិងរាងកាយរឹងមាំ។ ជាសំណាងមិនល្អ ប្រជាជនខ្មែរយើងភាគច្រើនមិនទទួលបានជីវជាតិនេះគ្រប់គ្រាន់ពីរបបអាហារប្រចាំថ្ងៃឡើយ។
ចន្លោះអាយុដែលកុមារត្រូវការជាតិកាល់ស្យូមខ្ពស់បំផុត នោះគឺអាយុពី៩ ទៅ ១៨ឆ្នាំ។ ការដែរកុមារមិនទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់នៅចន្លោះរយៈពេលនេះ អាចធ្វើឱ្យប្រឈមនឹងផលប៉ះពាល់លើឆ្អឹងពេលក្រោយ។
អ្វីទៅជាជាតិកាល់ស្យូម?

ជាតិកាល់ស្យូមជាជាតិរ៉ែដែលផ្នែកជាច្រើននៃរាងកាយត្រូវការ។ តួនាទីសំខាន់មួយរបស់ជាតិកាល់ស្យូមគឺជួយឱ្យឆ្អឹងនិងធ្មេញរឹងមាំ។ ជាតិកាល់ស្យូមក៏ជួយឱ្យសាច់ដុំដំណើរការបានល្អ និងរក្សាសម្ពាធឈាមផងដែរ។
នៅពេលរាងកាយមិនទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់នោះឆ្អឹងអាចនឹងចុះខ្សោយជាងមុន។ នេះព្រោះរាងកាយទាញយកជាតិកាល់ស្យូមទៅប្រើប្រាស់នៅកន្លែងផ្សេង។
ពេលពីក្មេង រាងកាយផ្ទុកជាតិកាល់ស្យូមនៅក្នុងឆ្អឹង។ នៅពេលអាយុកាន់តែកើន រាងកាយបាត់បង់សមត្ថភាពក្នុងការរក្សាទុកជាតិកាល់ស្យូមក្នុងឆ្អឹង។
សម្រាប់កុមារដែលមិនទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់អាចប្រឈមនឹងការពុកឆ្អឹងពេលចាស់ទៅ។
ក្រៅពីជាតិកាល់ស្យូម រាងកាយក៏ត្រូវការជីវជាតិផ្សេងទៀតដូចជា ជាតិផូស្វរ ជាតិម៉ាញ៉េស្យូម វីតាមីន Dនិងវីតាមីន K។ បន្ថែមពីលើនេះ ការមានសកម្មភាពប្រចាំថ្ងៃក៏ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឱ្យឆ្អឹងរឹងមាំ ។ កុមារអាចរត់លេង ដើរ លោត វាយសី លេងបាល់ជាដើម។
ប្រភព៖




