ជាតិដែកសំខាន់ណាស់មែនទេចំពោះស្ត្រីមានផ្ទៃពោះ?
ជាតិដែកជាជាតិរ៉ែសំខាន់មួយដែលអ្នកត្រូវការជាចាំបាច់ក្នុងកំឡុងពេលមានផ្ទៃពោះ។
ស្ត្រីត្រូវការជាតិដែកច្រើនជាងមុនទ្វេដងដើម្បីបង្កើនការផលិតគ្រាប់ឈាមក្រហម(Hemoglobin) និងសម្រាប់កូនរបស់អ្នកផងដែរ។ ប្រសិនបើអ្នកទទួលបានជាតិដែកគ្រប់គ្រាន់នោះ អ្នកនឹងមិនមានបញ្ហាកង្វះគ្រាប់ឈាមក្រហមទេ។ កង្វះគ្រាប់ឈាមក្រហមនឹងធ្វើអោយកូនអ្នកសម្រាលមុនកំណត់ និងសម្រាលមិនគ្រប់គីឡូ(តូចជាង 2.5kg)។ ករណីញឹកញាប់បណ្ដាលអោយស្ត្រីឆាប់ហត់ អស់កម្លាំង ស្លេកស្លាំង ឈឺក្បាល និងវិលមុខជាដើម។
នៅពេលដែលស្ត្រីដឹងថាខ្លួនមានទម្ងន់ ស្ត្រីគួរទទួលថ្នាំគ្រាប់ជាតិដែកតាមការណែនាំរបស់ក្រសួងសុខាភិបាល( ចំនួន ៩០គ្រាប់ក្នុងរយៈពេល ៩០ថ្ងៃ) ដែលក្នុងថ្នាំគ្រាប់ជាតិដែកនោះមានជាតិដែក ៦៥ មីលីក្រាម និងហ្វូឡិចអាស៊ីត ៤០០មីក្រូក្រាម។ ក្រោយ ៩០ថ្ងៃ បើគ្រូពេទ្យពិនិត្យឃើញថាស្ត្រីនៅតែមានការខ្វះគ្រាប់ឈាមនោះ គ្រូពេទ្យនឹងផ្ដល់បន្ថែមទៀតរហូតដល់ស្ត្រីសម្រាលរួចតែម្ដង។ ថ្នាំគ្រាប់ជាតិដែកអាចនឹងមានផលរំខានខ្លះៗដួចជា រមួលក្រពះ ចុកក្រពះ ទល់លាមក លាមកពណ៍ខ្មៅផងដែរ។ សូមញ៉ាំអាហារអោយបានឆ្អែតសិនទើបលេបថ្នាំជាតិដែកដើម្បីជួយកាតបន្ថយបញ្ហាក្រពះ។
ក្រៅពីថ្នាំគ្រាប់ជាតិដែកស្ត្រីគួរទទួលទានអាហារអោយបានច្រើនដើម្បីអោយរាងកាយបានរឹងមាំ និងកាត់បន្ថយការចាញ់បាន។
ប្រភពអាហារដែលសម្បូរជាតិដែករួមមាន៖
- សាច់ក្រហម ត្រីសាល់ម៉ុន ធញ្ញជាតិ និងស៊ុត
- បន្លែបៃតង មានស្ពៃ ត្រកួន ប្រូខូលី
- តៅហ៊ូ និងផលិតផលធ្វើពីសណ្ដែកផ្សេងៗ
- អាហារូបត្ថម្ភដែលមានបន្ថែមជាតដែកដួចជា ទឹកដោះគោសម្រាប់ស្ត្រីមានផ្ទៃពោះជាដើម
ដើម្បីអោយរាងកាយស្រូបយកជាតិដែកបានល្អស្ត្រីអាចទទួលទានបន្លែ និងផ្លែឈើដែលមាន វីតាមីន C មាន ផ្លែក្រូច តំឡូង ផ្កាខាត់ណា ផ្លែគីវី ប៉េងប៉ោះជាមដើម។ ការញ៉ាំតែ និងកាហ្វេធ្វើអោយជាតិដែកស្រូបចូលរាងកាយមិនបានល្អនោះទេ។ ដូចនេះស្ត្រីមិនគួរញ៉ាំតែ និងកាហ្វេក្រោយពេលញ៉ាំថ្នាំគ្រាប់ជាតិដែក ឬអាហារបំប៉នដែលមានជាតិដែកទេ។
ថ្លើមសត្វជាប្រភពផ្ដល់ជាតិដែកយ៉ាងល្អ តែមិនត្រូវបានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះទេ។
សូមទទួលទានអាហារអោយបានគ្រប់គ្រាន់ និងតាមដានជានិច្ចជាមួយគ្រូពេទ្យរបស់អ្នកក្នុងពេលមាន ៩ខែ ១០ថ្ងៃនេះដើម្បីប្រាកដថាអ្នកទទួលបានជាតិដែកគ្រប់គ្រាន់។ ពិភាក្សារជាមួយគ្រូពេទ្យជំនាញប្រសិនបើអ្នកមានចំងល់ទាក់ទងនឹងការកង្វះជាតិដែក ឬផលរំខាននៃថ្នាំគ្រាប់ជាតិដែក។
ប្រភព៖