ញ៉ាំព្រីងធ្វើអោយកូនខ្មៅមែនអត់?
បងប្អូនភាគច្រើនតែងមានការព្រួយបារម្ភមិនចង់អោយស្ត្រីមានផ្ទៃពោះញ៉ាំផ្លែព្រីងទេដោយល់ថា វាអាចបណ្ដាលអោយកូនមានសម្បុរខ្មៅ។ តាមពិតផ្លែឈើនេះមិនមានឥទ្ធពលទៅដល់ពណ៍សម្បុរកូនអ្នកទេ។ ផ្ទុយទៅវិញវាជួយសុខភាពស្ត្រី និងកូនក្នុងផ្ទៃទៀតផង។ តើការញ៉ាំព្រីងមានអត្ថប្រយោជន៍អ្វីខ្លះ?
អត្ថប្រយោជន៍ទាំងនោះមាន
១ មានសារជាតិចិញ្ចឹម
នៅក្នុងផ្លែព្រីងមានសារជាតិចិញ្ចឹមជាច្រើនដូចជាកាល់ស្យូម វីតាមីន C ជាតិដែក ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វីតាមីន និងជាតិរ៉ែទាំងនេះជួយដល់ការលូតលាស់ឆ្អឹង និងពង្រឹងប្រព័ន្ធការពាររាងកាយស្ត្រីក្នុងពេលមានផ្ទៃពោះយ៉ាងសកម្ម។
២ ជួយដល់ការរំលាយអាហារ
ស្ត្រីដែលបានញ៉ាំផ្លែព្រីងញឹកញាប់គឺពុំសូវមានការរាករូស និងឈឺក្រពះទេ។ វាថែមទាំងជួយកាត់បន្ថយរោគសញ្ញានៃរលាកពោះវៀនធំផងដែរ។

៣ កាត់បន្ថយហានិភ័យជម្ងឺលើសសម្ពាធឈាម
វាអាចកាត់បន្ថយបញ្ហាលើសសម្ពាធឈាមដោយសារតែផ្លែព្រីងមានផ្ទុកជាតិប៉ូតាស្យូម និងប្រឆាំងអុកស៊ីតកម្មក្នុងកម្រិតខ្ពស់។ ផ្លែព្រីង១ខាំមានផ្ទុកជាតិប៉ូតាស្យូមរហូតដល់ទៅ ៥០មីលីក្រាម។
៤ វីតាមីន និងជាតិរ៉ែ
វាមានវីតាមីន A ក្នុងកម្រិតខ្ពស់ដែលជួយអភិវឌ្ឍភ្នែករបស់ទារកក្នុងផ្ទៃ និងមានជាតិម៉ាញ៉េស្យូមដែលជួយកាត់បន្ថយការសម្រាលមុនកំណត់ផងដែរ។ ជាតិម៉ាញ៉េស្យូមនេះក៏ជួយដល់ការលូតលាស់របស់ទារក និងកាត់បន្ថយការរមួលក្រពើរបស់ស្រ្តីមានផ្ទៃពោះផងដែរ។
ម៉្យាងទៀត ស្ត្រីដែលចូលចិត្តញ៉ាំផ្លែព្រីងមិនសូវមានបញ្ហាសុខភាពមាត់ធ្មេញទេព្រោះផ្លែព្រីងក៏មានឥទ្ធិពលប្រឆាំងទៅនឹងការបង្ករោគក្នុងមាត់ផងដែរ។ ស្ត្រីគួរចាំថាក្រោយពេលញ៉ាំព្រីងរួចមិនគួរញ៉ាំទឹកដោះគោទេព្រោះវាអាចធ្វើអោយឈឺក្រពះ។ សូមលាងទឹកអោយបានស្អាតមុនញ៉ាំដើម្បីបង្ការកុំអោយមានបញ្ហារាករូស។




