បម្រែបម្រួលរាងកាយលើស្រ្តីមានផ្ទៃពោះ៖ ត្រីមាសទី២
ឈានចូលដល់ត្រីមាសទី២នៃការមានគក៌ រាងកាយស្រ្តីនៅតែបន្តប្រែប្រួលដើម្បីទ្រទ្រង់ដល់ការលូតលាស់ទារកក្នុងផ្ទៃ។ ត្រីមាសទី២រាប់ចាប់តាំងពីសប្ដាហ៍ទី ១៣ ដល់ទី២៦។
ត្រីមាសទី១ អាចថាជាត្រីមាសដែលធ្វើឱ្យស្រ្តីមានអារម្មណ៍តានតឹង និងពិបាកក្នុងខ្លួនច្រើន។ តែចូលដល់ត្រីមាសទី២ បញ្ហាជាច្រើនត្រូវបានកាត់បន្ថយដូចជា លែងសូវ ឫ ឈប់ចាញ់ ក្អួត ចង្អោរ និងអស់កម្លាំង។ ស្រ្តីចាប់ផ្ដើមមានកម្លាំងជាងមុន និងមិនសូវផ្លាស់ប្ដូរអារម្មណ៍ញឹកញាប់ដូចកាលនៅត្រីមាសទី១។
ត្រីមាសទី២នេះ ក៏ជាត្រីមាសដែលស្រ្តីចាប់ផ្ដើមឡើងគីឡូខ្លាំងក្លា និងត្រូវផ្លាស់ប្ដូរស្លៀកសំលៀកបំពាក់សម្រាប់ស្រ្តីមានគក៌ថែមទៀតផង។
- បម្រែបម្រួលសុដន់
ស្រ្តីមិនសូវមានអារម្មណ៍តឹងណែនទ្រូងដូចកាលនៅត្រីមាសទី១ទេ តែសុដន់នៅតែបន្តឡើងធំជាងមុន។ ក្រពេញទឹកដោះចាប់ផ្ដើមរីកធំ និងស្តុកទៅដោយជាតិខ្លាញ់ដើម្បីត្រៀមខ្លួនសម្រាប់ការបំបៅកូន។
ពណ៌ស្បែកជុំវិញចុងសុដន់អាចនឹងប្រែជាពណ៌ស្រអាប់ជាងមុន និងមានឡើងកន្ទួលតូចៗនៅជុំវិញចុងសុដន់ថែមទៀតផង។ កន្ទួលតូចៗនោះជាក្រពេញដែលផ្ទុកដោយជាតិប្រេងដើម្បីការពារកុំឱ្យចុងសុដន់ស្ងួត និងប្រេះ។ ស្រ្តីក៏អាចមានការចេញទឹកលឿងតិចៗពីចុងសុដន់ដែលនោះគឺជាទឹកដោះដំបូង។
- ប្រែពណ៌ស្បែក
ស្រ្តីមានផ្ទៃពោះអាចនឹងសម្គាល់ឃើញស្បែកមានឡើងសង្វារក្នុងត្រីមាសទី២នេះដែលភាគច្រើនឡើងលើស្បែកពោះ និងសុដន់។ ស្រ្តីអាចកាត់បន្ថយការឡើងសង្វារតាមរយៈការប្រើឡេ ឫ ប្រេងដែលមានសុវត្ថិភាពក្នុងការប្រើប្រាស់ពេលមានគក៌។
ក្រៅពីនេះ ស្រ្តីមានគក៌ក៏អាចប្រឈមនឹងបញ្ហាស្បែកដទៃទៀតដូចជា៖
- ស្បែកឡើងស្ងួត រមាស់លើក្បាលពោះ
- ស្បែកងាយរោល និងរលាក
- ឡើងស្នាមខ្មៅៗលើស្បែក
- បម្រែបម្រួលរាងកាយ
ការប្រែប្រួលក្នុងត្រីមាសទី២ អាចនឹងធ្វើឱ្យស្រ្តីប្រឈមនឹង៖
- ឈឺជើង ឫ រមួលក្រពើ ដែលភាគច្រើនកើតមានឡើងក្នុងអំឡុងពេលគេង។ នេះបណ្ដាលមកពីសម្ពាធនៃទារកក្នុងផ្ទៃសង្កត់លើកោសិកាសរសៃប្រសាទ និងសរសៃឈាមជើង។ ព្យាយាមគេងបែរមកខាងឆ្វេង និងកាត់បន្ថយការគេងផ្ងារដែលអាចជួយសម្រាលអាការៈឈឺជើង ឫ រមួលក្រពើបានច្រើន
- សរសៃឈាមវ៉ែនលើជើងឡើងប៉ោង deep vein thrombosis (DVT)
- ហើមជង្គង់ ដៃ ជើង
- ចុករោយចង្កេះ ត្រគៀក
- ឈឺក្រពះ

- រង្គើធ្មេញ ដែលនេះបង្កដោយបម្រែបម្រួលអរម៉ូនក្នុងពេលមានផ្ទៃពោះ ធ្វើឱ្យសរសៃពួរ ឆ្អឹង និងធ្មេញទន់។ ប្រញាប់ជួបពេទ្យក្នុងករណីមានឈាមអញ្ចាញធ្មេញ ឫ ហើមជើងធ្មេញ
- តឹងច្រមុះ ឈាមច្រមុះ និងឈាមអញ្ចាញធ្មេញ
- ចុកឆ្អល់ចុងដង្ហើម
អាចមានការឆ្លងមេរោគលើប្រព័ន្ធទឹកម៉ូត្រ (ផ្លូវទឹកនោម) ។

សូមបន្តតាមដានសុខភាពឱ្យបានទៀងទាត់ ក្នុងករណីសង្ស័យ ឫ មិនច្បាស់លើរោគសញ្ញាណាមួយសូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។
ប្រភព៖




