មិនចង់ស្ដាយក្រោយ! ស្រ្តីគួរធ្វើរបបអាហារឱ្យបានត្រឹមត្រូវក្នុងពេលមានគក៌
ដំណើរការនៃការមានផ្ទៃពោះមានរយៈពេលរហូតដល់៤០សប្ដាហ៍ ដែលការធ្វើរបបអាហារបានត្រឹមត្រូវចូលរួមចំណែកយ៉ាងសំខាន់សម្រាប់សុខភាពទារកនិងម្ដាយ។ ការញ៉ាំមិនបានត្រឹមត្រូវអាចធ្វើឱ្យស្រ្តីមានគក៌ ប្រឈមនឹងជំងឺស្លេកស្លាំង វិបត្តិបម្រុងក្រឡាភ្លើង ជំងឺទឹកនោមផ្អែមក្នុងអំឡុងពេលមានគក៌ វិបត្តិក្រពេញទីរ៉ូអុីត រលូតកូន ទារកកើតមកមិនគ្រប់គីឡូ ទារកស្លាប់ក្នុងផ្ទៃ ឆ្លងទន្លេមុនខែ និងម្ដាយស្លាប់ក្នុងអំឡុងពេលសម្រាលជាដើម។
ខាងក្រោមនេះជាប្រភេទអាហារដែលស្រ្តីមានគក៌គួរទទួលទាន៖
ប្រូតេអុីន
ប្រូតេអុីនមានសារៈសំខាន់សម្រាប់ការលូតលាស់របស់ទារកក្នុងផ្ទៃ។ របបអាហាររបស់ម្ដាយចូលរួមចំណែកក្នុងផ្ដល់ជីវជាតិដល់តម្រូវការរបស់ទារក ក្នុងករណីដែលម្ដាយញ៉ាំអាហារដែលមិនសូវសម្បូរប្រូតេអុីនបានគ្រប់គ្រាន់ វាអាចបង្កឱ្យទារកក្នុងផ្ទៃប្រឈមនឹងកង្វះជីវជាតិនិងប៉ះពាល់ដល់ការលូតលាស់របស់គេ។ ប្រភពដ៏សំខាន់នៃប្រូតេអុីន៖
- សាច់សុទ្ធ
- សាច់មាន់
- ត្រី
- ស៊ុត
- បន្លែដូចជាពពួកសណ្ដែកសៀង សណ្ដែកហោលិនតាវ សណ្ដែកក្រហម គ្រាប់ធញ្ញជាតិ ជាដើម។
បរិមាណប្រូតេអុីនសម្រាប់ស្រ្តីមានគក៌គឺ 75-110 ក្រាមក្នុងមួយថ្ងៃ។
ហ្វូឡាត និងអាស៊ីតហ្វូឡិច
ហ្វូឡាត និងអាស៊ីតហ្វូឡិចជាជីវជាតិដែលមានសារៈសំខាន់បំផុតក្នុងអំឡុងពេលមានគក៌។ ហ្វូឡាត និងអាស៊ីតហ្វូឡិចជាវីតាមីនក្រុមB ដែលមានតួនាទីជួយការពារទារកពីវិបត្តិលើបំពង់ប្រព័ន្ធប្រសាទដូចជាពកឆ្អឹងកងខ្នង និងគ្មានឆ្អឹងលលាដ៍ក្បាលជាដើម។
តម្រូវការហ្វូឡាតប្រចាំថ្ងៃគឺ 400-800 mg។
ជាតិដែក
ក្នុងអំឡុងពេលមានគក៌ បរិមាណឈាមរបស់ស្រ្តីមានការកើនឡើងរហូតដល់៧០%ដើម្បីជួយដល់ការទ្រទ្រង់ និងការផ្គត់ផ្គង់ជីវជាតិនិងអុកស៊ីសែន។ រាងកាយស្រ្តីត្រូវការជាតិដែកដើម្បីផលិតឈាមបន្ថែម។ ជាតិដែកក៏ជួយដល់ការបម្លាស់ទីអុកស៊ីសែនពីសួតម្ដាយទៅកាន់រាងកាយទារកផងដែរ។ តាមការស្រាវជ្រាវបានបង្ហាញឱ្យដឹងថា លើសពី៥០%នៃស្រ្តីមានគក៌ដែលមិនទទួលបានជាតិដែកគ្រប់គ្រាន់អាចប្រឈមនឹងការឆ្លងទន្លេមុនខែកំណត់ ទារកស្ទើរគីឡូ និងប្រឈមជំងឺបាក់ទឹកចិត្តក្រោយសម្រាល។
តម្រូវការជាតិដែកប្រចាំថ្ងៃគឺ 27 mg។
កាល់ស្យូម
កាល់ស្យូមមានសារៈសំខាន់សម្រាប់ទារក និងម្ដាយដោយវាជួយឱ្យឆ្អឹង និងធ្មេញរឹងមាំ។ កាល់ស្យូមក៏ជួយដល់ប្រព័ន្ធឈាម និងប្រព័ន្ធប្រសាទឱ្យដំណើរការបានល្អផងដែរ។
តម្រូវការកាល់ស្យូមប្រចាំថ្ងៃគឺ 1000 mg។
វីតាមីនចម្រុះ
ស្រ្តីមានគក៌មួយចំនួនអាចនឹងមិនទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ក្នុងពេលមានគក៌ដោយសារបម្រែបម្រួលអរម៉ូនដែលធ្វើឱ្យស្រ្តីរើសចំណី និងបាត់បង់ចំណង់អាហារ។ វីតាមីនចម្រុះជួយដល់ការបំពេញជីវជាតិបន្ថែមពីលើអាហារប្រចាំថ្ងៃរបស់ស្រ្តីមានគក៌។
ប្រភព៖




