តើកូនលោកប៉ាអ្នកម៉ាក់ទល់លាមកមែនទេ? គួរដោះស្រាយតាមរបៀបណា?
ពេលលឺថាកូនទល់លាមកម្ដងៗ ប៉ាម៉ាក់តែងមានក្ដីកង្វល់ច្រើន ពិសេសប៉ាម៉ាក់ថ្មីថ្មោងដែលគាត់មិនដឹងគួរចាប់ផ្ដើមដោះស្រាយពីចំណុចណាទៅ? ចំណុចដំបូងដែលអាណាព្យាបាលគួរធ្វើ គឺបែងចែងឱ្យច្បាស់ថាកុមារគាត់មានអាការៈទល់លាមកពិតមែនឫទេ?
ចុះអ្វីទៅជាការទល់លាមកលើកុមារ?
ការទល់លាមកលើទារក និងកុមារជាបញ្ហាដែលធ្វើឱ្យក្មេងគាត់ពិបាកបញ្ចេញលាមកមកខាងក្រៅរាងកាយ ដោយសារលាមកក្មេងមានសភាព រឹង ស្ងួត ដុំៗ មានក្លិនស្អុយខុសពីធម្មតា ពេលបត់ជើងធំម្ដងៗធ្វើឱ្យគាត់មានអាការៈឈឺចុកចាប់ និងក្រហល់ក្រហាយ ពិសេសចំនួនដងនៃការបត់ជើងតិចជាងធម្មតា ឫ បត់ជើងតិចជាង ២ ទៅ ៣ដងក្នុងមួយសប្ដាហ៍ គាត់អាចឈឺពោះ ហើមពោះ មិនសូវបៅ ឬ ញ៉ាំ ផោមញឹក ដែលសញ្ញាទាំងអស់នេះហើយ យើងសន្និដ្ធានថា ក្មេងគាត់មានការទល់លាមក។
លោកប៉ាអ្នកម៉ាក់ប្រហែលជាឆ្ងល់ហើយថា កត្តាអ្វីខ្លះដែលជម្រុញឱ្យកូនៗមានបញ្ហាទល់លាមកនេះ? ពិតណាស់! មានកត្តាច្រើនដែលបង្កឱ្យកុមារតូចៗគាត់ជួបប្រទះនៅបញ្ហាទល់លាមកដូចជា ឆុងទឹកដោះគោម្សៅមិនបានត្រឹមត្រូវតាមការណែនាំដែលធ្វើឱ្យទឹកដោះគោមានសភាពខាប់ធ្វើឱ្យក្មេងទទួលបានជាតិទឹកតិច ការរើសយកទឹកសុទ្ធមានជាតិរ៉ែខ្ពស់លាយម្សៅដោះគោ ក្មេងមួយចំនួនទៀតទល់លាមកដោយសារទឹកដោះគោដែលគាត់បៅមានប្រភេទប្រូតេអុីនដែលផ្លូវអាហារគាត់ពិបាកកិនបំបែក ដូច្នេះហើយវាធ្វើឱ្យក្មេងគាត់ក្ដៀន។
ចំពោះទារកអាយុក្រោម៦ខែដែលបៅទឹកដោះម្ដាយ កម្រជួបប្រទះបញ្ហាទល់លាមកណាស់ លើកលែងតែ
ក្នុងករណីដែលគាត់បៅមិនគ្រប់គ្រាន់ធ្វើឱ្យគាត់មិនសូវមានកាកសំណល់បញ្ចេញមកខាងក្រៅ។
រីឯក្មេងដែលមានអាយុ៦ខែឡើង ហើយគាត់មានបញ្ហាទល់លាមក បណ្ដាលមកពីការផ្លាស់ប្ដូរការបៅទឹកដោះម្ដាយ ឫ រូបមន្តទឹកដោះគោម្សៅ ទៅជាការញ៉ាំនូវអាហារបន្ថែមដូចជាបបរខាប់គ្រប់គ្រឿង បបរកំប៉ុង បន្លែផ្លែឈើចំហុយ ឫ ការប្តូរពីរូបមន្តទឹកដោះគោម្សៅលេខមួយចូលលេខពីរ ដែលក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ដំបូងប្រព័ន្ធរំលាយអាហាររបស់ក្មេងមិនទាន់ស៊ាំ ធ្វើឱ្យគាត់ទល់លាមក។ កុមារដែលញ៉ាំអាហារក្រៀមក្រោះ អាហារដែលមិនសូវសំបូរជាតិសរសៃ ក្មេងដែលគាត់ញ៉ាំទឹកមិនគ្រប់គ្រាន់ មិនសូវមានកម្មភាពរាងកាយ ក្មេងដែលចូលចិត្តទប់មិនព្រមទៅបត់ជើងធំ ក្មេងដែលស្ថិតនៅក្នុងអាកាសធាតុក្ដៅហើយឱស្សាហ៍បែកញើស និងក្មេងដែលមានវិបត្តិសុខភាពដូចជាស្ទះ ឫ ខ្សោយពោះវៀន សុទ្ធតែធ្វើឱ្យពួកគាត់ងាយជួបប្រទះនៅវិបត្តិទល់លាមកនេះ។
ចុះតើអាណាព្យាបាលគួរដោះស្រាយ និងកាត់បន្ថយវិបត្តិទល់លាមកនេះតាមវិធីសាស្រ្តណាខ្លះដែរ? ចំពោះទារកអាយុក្រោម៦ខែ ដែលបៅទឹកដោះគោម្សៅ សូមប៉ាម៉ាក់ជ្រើសរើសទឹកសម្រាប់ឆុងទឹកដោះគោជាប្រភេទទឹកឆ្អិនដាំពុះ ឫ បើក្នុងករណីគ្មាន សូមជ្រើសរើសទឹកសុទ្ធដែលមានជាតិរ៉ែទាប ឫ គ្មានជាតិរ៉ែ។ សូមអានការណែនាំដែលមានបញ្ជាក់លើសំបកកំប៉ុងឱ្យបានត្រឹមត្រូវដើម្បីប្រាកដថាមិនមានកំហុសណាមួយកើតមានជាយថាហេតុក្នុងអំឡុងពេលឆុងទឹកដោះគោ។ សូមធ្វើការបំបៅទឹកដោះម្ដាយលើទារកក្រោម៦ខែឱ្យបានគ្រប់គ្រាន់ ដែលយើងអាចសម្គាល់ថាក្មេងបៅគ្រប់គ្រាន់ឫអត់ តាមរយៈក្មេងបៅ ៨ ទៅ ១២ ដងក្នុងមួយថ្ងៃ គាត់សប្បាយរីករាយក្រោយបៅ និងអាចប្រលែងក្បាលដោះដោយខ្លួនឯង គាត់ឡើងទំងន់ចន្លោះមួយខាំកន្លះទៅពីរខាំកន្លះរាល់សប្ដាហ៍ក្នុងរយៈ៤ខែដំបូង និងខោទឹកនោមសើមលើសពី៦ខោក្នុងមួយថ្ងៃ។ ចំពោះក្មេងអាយុលើសពី៦ខែ សូមធ្វើការកាត់បន្ថយនូវការ៉ុត មើមដំឡូង និងចេកខ្ចី ឫ ស្រគៀលពីអាហារគាត់ ដោយជំនួសនូវអាហារដែលសំបូរដោយជាតិសរសៃដូចជា ល្ហុងទុំ ប៉ោម សេរី ផ្លែព្រូន ទឹកក្រូចច្របាច់ និងបន្លែបៃតងចូលក្នុងអាហារប្រចាំថ្ងៃរបស់គាត់។ សូមប្រាកដថាក្មេងគាត់ទទួលបានជាតិទឹកគ្រប់គ្រាន់ និងញ៉ាំអាហារដែលសំបូរជាតិសរសៃខ្ពស់។ លោកប៉ាអ្នកម៉ាក់គួរធ្វើការម៉ាស្សាជាប្រចាំលើទារក និងកុមារតាមរយៈម៉ាស្សាជារាងទ្រនិចនាឡិកា ឫ គូថខ្យង លើកជើងទាំងពីរទៅមុខទៅក្រោយ និងទំលាប់ឱ្យគាត់បត់ជើងជារៀងរាល់ព្រឹក ព្រមទាំងការងូតទឹកក្ដៅអុណ្ឌជូនគាត់។




