ពេលបំបៅដោះកូនគួរតមអាហារអ្វីទេ?

ពេលបំបៅដោះកូនគួរតមអាហារអ្វីទេ?

ទឹកដោះម្ដាយគឺជាអាហារូបត្ថម្ភដែលល្អឥតខ្ចះសម្រាប់ទារកក្រោមអាយុ ៦ខែ។ ហេតុនេះហើយបានជាក្រសួងសុខាភិបាលណែនាំអោយស្ត្រីដែលសម្រាលកូនរួចបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់នៅអាយុក្រោម ៦ខែ និងបន្តរហូតដល់អាយុ២ឆ្នាំ ឬលើសពីនេះ។

មូលហេតុដោយសារតែទឹកដោះម្ដាយមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ដើម្បីអោយទារកលូតលាស់បានល្អ និងមានប្រាជ្ញាឈ្លាសវៃព្រមទាំងមានអង់ទីករ(Antibody)កាត់បន្ថយនូវហានិភ័យជម្ងឺឆ្លងមួយចំនួនផងដែរ។ ក្នុងនោះស្ត្រីត្រូវបរិភោគអាហារអោយបានត្រឹមត្រូវ និងគ្រប់គ្រាន់ដោយសារគុណភាពរបស់ទឹកដោះម្ដាយគឺអាស្រ័យទៅលើរបបអាហារដែលស្ត្រីបរិភោគ។

តើស្ត្រីគួរបរិភោគអាហារអោយបានគ្រប់មុខទេ?ឬមានអាហារត្រូវជៀសវាងដែរក្នុងពេលបំបៅដោះកូននេះ?

មិនមានអាហារណាមួយដែលត្រូវបានហាមដាច់ខាតចំពោះស្ត្រីបំបៅដោះកូនទេ។ ផ្ទុយទៅវិញ ស្ត្រីត្រូវបានណែនាំអោយញ៉ាំអាហារអោយមានតុល្យភាពហើយផ្សេងៗគ្នា។ ទោះជាយ៉ាងណាក៏ដោយវានៅតែមានអាហារ និងភេសជ្ជៈមួយចំនួនដែលស្ត្រីគួរញ៉ាំក្នុងបរិមាណកំណត់ និងគួរជៀសវាង។

  • ត្រីដែលមានជាតិបារតខ្ពស់ វាធ្វើអោយប៉ះពាល់ដល់ការលូតលាស់ផ្នែកខួរក្បាល និងភាពឆ្លាតវៃរបស់កូនអ្នកព្រោះជាតិបារតឆ្លងទៅក្នុងទឹកដោះម្ដាយបាន។ ត្រីដែលមានជាតិបារតខ្ពស់មានត្រីឆ្លាម ត្រីធូណា ត្រី Sword Fish ត្រីKing Merkerel ជាដើម។
  • ឳសថបុរាណ ស្ត្រីបំបៅដោះកូនមួយចំនួនប្រើឳសថបុរាណដើម្បីបង្កើនការបញ្ចេញទឹកដោះដោយសារពួកគាត់មានទឹកដោះតិចឬមិនមានតែម្ដង។ មិនមានការសិក្សា ឬភស្តុតាងច្បាស់លាស់បញ្ចាក់ពីសុវត្ថិភាព និងគុណភាពនៃឳសថបុរាណនោះទេ។ ទារកមួយចំនួនមានបញ្ហារាគរូស ក្ដៀន និងគ្រុនជាដើមដោយសារម្ដាយប្រើប្រាស់ឳសថបុរាណមិនបានត្រឹមត្រូវ។ ដូចនេះប្រសិនស្ត្រីចង់ប្រើប្រាស់ឳសថអ្វីមួយដើម្បីព្យាបាលជម្ងឺ ឬជម្រុញដល់ការផលិតទឹកដោះគឺគួរប្រឹក្សាជាមួយវេជ្ជបណ្ឌិតជាមុនសិនដើម្បីជៀសវាងហានិភ័យចំពោះខ្លួនឯង និងទារកផង។
  • គ្រឿងស្រវឹង ស្ត្រីនៅកម្ពុជាដែលសម្រាលហើយភាគច្រើនញ៉ាំស្រាស ឬស្រាថ្នាំដើម្បីអោយឆាប់ចាស់សរសៃ និងបង្កើនការផលិតទឹកដោះ។ ផ្ទុយទៅវិញការផឹកស្រានេះគឺកាត់បន្ថយការផលិតទឹកដោះរហូតដល់ទៅ ២០%។ ប្រសិនស្ត្រីបានផឹកស្រាហើយ សូមកុំទាន់បំបៅដោះកូនភ្លាមគឺគួររង់ចាំ ២ ទៅ ៣ម៉ោងសិនដើម្បីអោយជាតិអាល់កុលចេញពីរាងកាយអស់។ សូមចាំថាការបូម ឬប្របាច់ទឹកដោះចោលមិនបានជួយអោយជាតិអាល់កុលចេញពិរាងកាយបានលឿននោះទេ។ ការទទួលទានជាតិអាល់កុលញឹកញាប់និងច្រើនពេកអាចកាត់បន្ថយការផលិតទឹកដោះនិងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់កូនអ្នក។
  • ជាតិកាហ្វេអ៊ីន សូកូឡា តែ កាហ្វេ កូកា និងភេសជ្ជៈប៉ូវកម្លាំងសុទ្ធតែមានផ្ទុកជាតិកាហ្វេអ៊ីន។ យោងទៅតាម Center For disease Control ស្ត្រីអាចទទួលទានជាតិកាហ្វេអ៊ីនបានក្នុងកម្រិត ៣០០មីលីក្រាមក្នុងមួយថ្ងៃដែលស្មើនឹងកាហ្វេ ២កែវ។ ស្ត្រីញ៉ាំកាហ្វេបណ្ដាលអោយកូនដែលបៅដោះមានអាការញ័រ ឬប្រកាច់ និងយំរករឿងច្រើនដោយសារគេងមិនលក់។
  • បន្លែបណ្ដាលអោយហើមពោះ សណ្ដែក ប្រូខូលី ស្ពៃក្ដោបញ៉ាំច្រើនធ្វើអោយមានការហើមពោះដោយសារពួកវាផលិតហ្គាសច្រើន។ ប្រសិនបើកូនរបស់អ្នកមានការហើមពោះ ក្អែរ ឬចុកពោះ អ្នកគួរកាត់បន្ថយការញ៉ាំបន្លែនេះមួយរយៈសិនរហូតកូនអ្នកធូរស្បើយវិញ។
  • ខ្ទឹមស និងម្ទេស នៅពេលបំបៅដោះកូនអ្នកក៏មិនគួរញ៉ាំខ្ទឹមសច្រើនពេកដែរព្រោះវាធ្វើអោយទឹកដោះមានក្លិនមិនល្អ និងធ្វើអោយកូនអ្នកលែងចង់បៅ។ ប្រសិនបើអ្នកចូលចិត្តញ៉ាំអាហារហឹរ ស្របពេលនោះកូនអ្នកមានការហើមពោះ និងរាគ សូមផ្អាកការញ៉ាំហឹរមួយរយៈសិន។
LactimilNutriGoldKabritaBippiBippi Night