ភាពធម្មតា និងមិនធម្មតានៃលាមកទារក និងកុមារ

ភាពធម្មតា និងមិនធម្មតានៃលាមកទារក និងកុមារ

លាមកទារក និងកុមារ​មានការផ្លាស់ប្ដូរច្រើនប្រភេទ ទាំងពណ៌ ទម្រង់ ចំនួនដង ខុសៗគ្នាពីក្មេងម្នាក់ទៅក្មេងម្នាក់ទៀត អាស្រ័យលើអាយុក្មេង របបអាហារ ឫ អ្វីដែលពួកគេញ៉ាំចូលទៅ។ ដែលនេះហើយ ជាហេតុផលទាមទារឱ្យអាណាព្យាបាលស្វែងយល់ និងដឹងថាអ្វីធម្មតា ឫ មិនធម្មតាលើការបន្ទោរបង់របស់ក្មេង។

ការជុះធម្មតា របស់ទារកទើបនឹងកើត អាណាព្យាបាលអាចសង្កេតលើលាមកដែលមានពណ៌ បៃតងចាស់ ឫ ពណ៌រាងក្រម៉ៅ​ ហើយលាមកមានលក្ខណៈរាងស្អិតៗ ដែលវាជាលាមកដំបូងរបស់កូនលោកប៉ាអ្នកម៉ាក់ ដែលចាស់ៗចំណាំហៅថា “លាមកព្រៃ”។ លាមកព្រៃជាប្រភេទលាមកដែលផ្សំឡើងពីទឹកភ្លោះ ទឹកប្រម៉ាត់ និងកាកសំណល់ដែលបញ្ចេញពីក្រពេញនៅលើពោះវៀន។

ប្រសិនជាទារកបៅទឹកដោះម្ដាយ លាមកនឹងមានលក្ខណៈគ្រាប់ ផុកៗ ឫ ប៉ិៗ និងមានពណ៌បៃតងចាស់។ ប្រសិនជាអាណាព្យាបាលសង្កេតឃើញលាមកក្មេងមានពណ៌លឿង បៃតង ឫ ពណ៌ត្នោត វាជាពណ៌ធម្មតារបស់លាមកក្មេង។ ហើយចំពោះពណ៌លាមកអាសន្ន(ពណ៌លាមកបង្ហាញពីសញ្ញាគ្រោះថ្នាក់) នោះគឺ ពណ៌ក្រហម ពណ៌ខ្មៅ និងពណ៌ស។ ដែលពណ៌ក្រហម និងពណ៌ខ្មៅជាសញ្ញាបញ្ជាក់ពីមានការហូរឈាមនៅក្នុងប្រព័ន្ធរំលាយអាហារ ហើយពណ៌សជាសញ្ញាបញ្ជាក់ពីជំងឺថ្លើម និង ឫ វិបត្តិនៃកង្វះអាហារូបត្ថម្ភ។

ទារកដែលញ៉ាំអាហាររាវ (ទឹកដោះម្ដាយ ឫ រូបមន្តទឹកដោះគោម្សៅ) លាមករបស់គាត់មានលក្ខណៈទន់ ឫ ផុកៗ។ លាមកទារក អាចប៉ិដូចយ៉ាអ៊ួរ ឫ កកៗស្រដៀងនឹងម្សៅត្រូវទឹក។ លាមកទារកដែលបៅទឹកដោះម្ដាយមើលទៅមានសណ្ឋានខាប់ៗ គ្រាប់ ឫ ម្សៅៗ។​ លាមកទារកដែលបៅរូបមន្តទឹកដោះគោម្សៅ អាចមានសណ្ឋាន ទន់អន្ធិលៗ ។ លាមកដែលមានលក្ខណៈរាងរឹង អាចជាសញ្ញាបញ្ជាក់ពីបញ្ហាទល់លាមក ហើយលាមកទន់ ឫ រាវជាសញ្ញានៃបញ្ហារាករូស។

កំណត់សម្គាល់លើក្លិនលាមករបស់ក្មេង

ក្លិនអាចជាសញ្ញាបញ្ជាក់ពីលាមកនៅក្នុងពោះវៀនយូរប៉ុណ្ណា—លាមកស្ដុកទុកក្នុងពោះវៀនកាន់តែយូរ( គួបផ្សំជាមួយនឹងបាក់តេរី)។ ក្មេងមួយចំនួនទៀត មានក្លិនជូរ ឫ ស្អុយ អាចជាសញ្ញានៃការមិនអាចទទួលយកបាន ឫ អាលែកហ្ស៊ី។

ជាទូទៅ ទារកបៅទឹកដោះម្ដាយមិនសូវឱ្យក្លិនខ្លាំង ហើយក្មេងដែលបៅរូបមន្តទឹកដោះគោម្សៅអាចមានក្លិនតិចៗ។ ហើយចំពោះទារកដែលញ៉ាំអាហារបន្ថែម (គួបនឹងប្រូតេអុីនពីប្រភពផ្សេងៗទៀត) វាអាចនឹងបន្ថែមក្លិនជាងក្មេងដែលបៅទឹកដោះម្ដាយ និងរូបមន្តទឹកដោះគោម្សៅ។

ទារកជុះញឹកញាប់ប៉ុណ្ណា?

នៅប៉ុន្មានខែដំបូងនៃអាយុរបស់ទារក គាត់អាចនឹងបត់ជើងប្រមាណជា១០ដងក្នុងមួយថ្ងៃ បន្ទាប់មក ២ ទៅ ៤​​ ដងក្នុងមួយថ្ងៃ នៅអាយុ៤ខែ។ ដូចយើងដឹងហើយថា ចលនានៃក្រពះពោះវៀនទារក គឺមិនទាន់លូតលាស់ពេញលេញ ដែលជាហេតុធ្វើឱ្យពេលគេបៅម្ដងៗ លាមកដែលបញ្ចេញមកមានបរិមាណតិច។

ពេលវេលាកាន់តែកើន ពោះវៀនទារកមួយចំនួន ស្រូបបឺតសារជាតិចិញ្ចឹមពីទឹកដោះគោច្រើន ដែលធ្វើឱ្យបរិមាណកាកសំណល់ និងពោះវៀនធំមិនអាចសម្អាត (ជុះ) លើសពីមួយដងក្នុងមួយថ្ងៃ ឫ មួយដងក្នុងមួយសប្ដាហ៍។ តាមអ្នកជំនាញបានបង្ហាញឱ្យដឹងថា ចំពោះទារកដែលបៅទឹកដោះម្ដាយ វាអាចជារឿងធម្មតាដែលពួកគេជុះតែម្ដងក្នុងមួយសប្ដាហ៍ ហើយវាក៏ធម្មតាដែរដែលពួកគេជុះរៀងរាល់ពេលដែលគេបៅរួច។

ទារកបៅទឹកដោះគោជុះតិចជាងទារកបៅទឹកដោះម្ដាយ។ នេះពីព្រោះ លាមករំកិលពីពោះវៀនយឺតលើទារកបៅទឹកដោះគោ ដែលធ្វើឱ្យទារកជុះតែម្ដង ឫ ២ ដងក្នុងមួយថ្ងៃ, ឫ ជុះរៀងរាល់មួយ ទៅ ពីរថ្ងៃម្ដង ក្នុងរយៈពេល២ ទៅ ៣ខែដំបូង។ តែទោះជាយ៉ាងណា ទារកដែលបៅទឹកដោះគោ អាចជុះ៣ ទៅ ៤ ដងជារៀងរាល់ថ្ងៃក្នុងរយៈពេលទើបកើតដំបូង។

ទោះជាយ៉ាងណា! ទារកដែលបៅទឹកដោះម្ដាយលាយជាមួយរូបមន្តទឹកដោះដោះគោម្សៅ អាចជុះចន្លោះពីប៉ុន្មានដងក្នុងមួយថ្ងៃ និងអាចមួយដងទៅមួយសប្ដាហ៍។

បម្លាស់ប្ដូរនៃលាមកទារក ក្រោយញ៉ាំអាហារបន្ថែម

នៅពេលដែលទារកចាប់ផ្ដើមញ៉ាំអាហារបន្ថែម (អាហាររឹងជាងទឹកដោះម្ដាយ ឫ រូបមន្តទឹកដោះគោម្សៅ ដូចជាបបរខាប់គ្រប់គ្រឿង បន្លែ ឫ ផ្លែឈើកិនម៉ត់) ទម្លាប់នៃការបត់ជើងរបស់ក្មេងអាចមានការផ្លាស់ប្ដូរ។ ដោយក្មេងអាចជុះតិចជាងធម្មតា ហើយលាមកក្មេងអាចចាប់ផ្ដើមក្រាស់ ឫ មានទម្រង់ជាងមុន។ អាហារមួយចំនួន ប្រព័ន្ធរំលាយអាហារមិនអាចកិនបំបែកបាន។ ដែលនេះជាបញ្ហាធម្មតា ដោយសារទារកមិនអាចទំពារអាហាររបស់គេបាន។ ដោយសារអាហារបន្ថែម ដំបូងរបស់ទារកគឺ បបរខាប់គ្រប់គ្រឿង (បន្លែ សាច់ អង្ករលាយបញ្ចូលគ្នា) ធ្វើឱ្យក្មេងអាចជួបប្រទះបញ្ហាទល់លាមកនេះ។ ក្នុងករណីនេះ លោកប៉ាអ្នកម៉ាក់អាចកាត់បន្ថយអាហារដែលងាយបង្កការទល់លាមក (ចេកស្រគៀល ដំឡូង ការ៉ុត។ល។)

នៅពេលដែលក្មេងអាយុបាន១ឆ្នាំ ជាពេលដែលគេអាចញ៉ាំអាហារចម្រុះមុខចូលគ្នា ដែលធ្វើឱ្យលាមកអាចនឹងប្ដូរទម្រង់ម្ដងទៀត។ លោកប៉ាអ្នកម៉ាក់អាចនឹង ឃើញពីក្លិន ពណ៌ និងទម្រង់នៃលាមកខុសគ្នាពេញមួយថ្ងៃ (អាស្រ័យលើអ្វីដែលក្មេងញ៉ាំ)។

ជាទូទៅ វានឹងចាប់ផ្ដើមកាន់តែមានពណ៌ត្នោតជាងមុន និងក្រាស់ជាងមុននិងមើលទៅលាមកមានទំរង់ជាងមុន។

កូនខ្ញុំទល់លាមកមែនទេ?

ប្រសិនជាកូនលោកប៉ាអ្នកម៉ាក់មើលទៅដូចជាមិនស្រួលខ្លួន ហើយលាមករាងក្រាស់ជាងថ្នាំដុសធ្មេញ ឫ មានលក្ខណៈដូចដុំឈើ (ស្រឡូនៗដូចដុំឈើ ឫ ដុំៗដូចដុំឃ្លី ដែលក្មេងប្រហែលជាអាចមានបញ្ហាទល់លាមក។ បញ្ហានេះ បង្កដោយមូលហេតុច្រើនប្រភេទ។ ចំពោះទារកអាយុក្រោម៤ខែ វាអាចបង្កដោយក្មេងមិនទទួលបាននូវទឹកដោះគ្រប់គ្រាន់ ដែលដំណោះស្រាយ គឺផ្ដល់ទឹកដោះឱ្យបានគ្រប់គ្រាន់ដល់ពួកគេ។ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញក្នុងករណីត្រូវការការព្យាបាលបន្ថែម។

កូនខ្ញុំមានវិបត្តិរាករូសមែនទេ?

ប្រសិនជាលាមករបស់កូនលោកប៉ាអ្នកម៉ាក់ប្រែជាទន់ រាវ ឫ មានស្លេស្ម ហើយក្មេងជុះញឹកជាងធម្មតា ដែលនេះអាចសន្មត់ថាក្មេងមានវិបត្តិរាករូស។ ដែលវាអាចបណ្ដាលមកពីក្មេងត្រូវបានផ្ដល់ឱ្យនូវថ្នាំផ្សះ ក្មេងញ៉ាំប្រភេទជាទឹកក្រូចច្រើន អាលែកហ្ស៊ីជាមួយនឹងសារជាតិក្នុងទឹកដោះ ឫ រលាកលើប្រព័ន្ធរំលាយអាហារ បង្កដោយមេរោគវីរុសដែលអាចធ្វើឱ្យក្មេងក្អួត និងរាករូស។

ប្រសិនជាលាមកទារកប្រែជាទន់ជាងមុន ឫ មានស្លេស្មក្នុងលាមក​ សូមរក្សាលំនឹងជាតិទឹកក្នុងរាងកាយក្មេងជាមួយនឹងទឹកដោះម្ដាយ រូបមន្តទឹកដោះគោម្សៅ ឫ ឱសថអូរ៉ាល់លីត្រជាដើម។ ក្នុងករណីដែលលោកប៉ាអ្នកម៉ាក់សង្កេតឃើញក្មេងមានសញ្ញានៃការបាត់បង់ជាតិទឹកដូចជាស្ងួតបបូរមាត់ ភ្នែកស្លក់ខ្លាំង ឫ ប្រហើយផតខ្លាំង សូមប្រញាប់នាំទារកទៅជួបជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។

ពេលណាគួរនាំទារកទៅជួបគ្រូពេទ្យជំនាញ

ប្រសិនជាលោកប៉ាអ្នកម៉ាក់សង្កេតឃើញលាមកទារក មានសណ្ឋានដូចជា៖

  • លាមកពណ៌ស ឫ ប្រផេះ (សញ្ញាបញ្ជាក់ថាទារកមិនបញ្ចេញនូវទឹកប្រម៉ាត់បានគ្រប់គ្រាន់)
  • ពណ៌ខ្មៅ (ជាសញ្ញាបញ្ជាក់ថា មានការចេញឈាមនូវក្រពះ ឫ ពោះវៀនតូច)
  • ពណ៌ក្រហម (មានការហូរឈាមចេញពីពោះវៀនធំ ឫ រន្ធទ្វារលាមក)
  • បត់ជើងម្ដងៗក្មេងឈឺចាប់ខ្លាំង ឫ មានហូរឈាម
  • មានស្លេស្មក្នុងលាមកទារក ដែលអាចជាសញ្ញានៃការបង្កជំងឺដោយមេរោគ ឫ អាលែកហ្ស៊ី
  • លាមកក្មេងផ្លាស់ប្ដូរខ្លាំងក្រោយញ៉ាំអាហារថ្មី (អាចជាសញ្ញានៃការអាលែកហ្ស៊ី)
  • លាមកក្មេងដែលមានអាយុ១ឆ្នាំឡើងតែនៅតែរាវ (ប្រសិនជាទារកមានរាករូស លាមករាវ និងជុះលើសពី៥ដងក្នុងមួយថ្ងៃ សូមបញ្ជាក់ប្រាប់គ្រូពេទ្យជំនាញ។
LactimilNutriGoldKabritaBippiBippi Night