ចង់បានបុត្រលឿនកុំភ្លេចញ៉ាំអាហារទាំងនេះ!
ការបរិភោគអាហារពិតជាមានសារៈសំខាន់ណាស់ចំពោះគូស្វាមីដែលចង់បានបុត្រ។ ការញ៉ាំចំណីត្រឹមត្រូវក៏ចូលរួមចំណែកក្នុងការបង្កកំណើតបានជោគជ័យដែរ។ ខាងក្រោមនេះជាប្រភេទអាហារដែលជម្រុញសមត្ថភាពក្នុងការមានកូនអោយកាន់តែល្អប្រសើរ៖
គ្រាប់ឈូករ័ត្ន

គ្រាប់ឈូករ័ត្នធម្មជាតិ(ដែលមិនត្រូវបានប្រឡាក់គ្រឿង) សម្បូរដោយវីតាមីន E ដែលជាជីវជាតិជួយជម្រុញក្នុងការផលិតមេជីវិតឈ្មោល និងចលនារបស់វា។ វាក៏មាននូវជាតិហ្វូឡេត សេលេញ៉ូមដែលសំខាន់ចំពោះការបង្កកំណើតមេជីវីតឈ្មោល និងមេជីវីតញី ហើយវាក៏ជាប្រភពដ៏ល្អនៃអូមេហ្កា 3 ផងដែរ។
ចំពោះការញ៉ាំ ស្ត្រីអាចទំពារលេង ឬ បន្ថែមក្នុងទឹកដោះគោជូរ។
ផ្លែក្រូច និងទំពាំងបាយជូរ
ផ្លែឈើទាំងពីរមុខនេះ ជាប្រភពដ៏ល្អនៃវីតាមីន C។ វាមានជាតិ polyamine putrescine ដែលចូលរួមក្នុងការធ្វើឱ្យប្រសើរនៃមេជីវិតញី និងមេជីវិតឈ្មោល។
ទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ (Full Fat Milk)

វាសម្បូរទៅដោយវីតាមីន A D E K និង K2។ វីតាមីនទាំងនេះដើរតួនាទីសំខាន់ក្នុងការបង្កកំណើត។ តាមការសិក្សារបស់សាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិចបានបង្ហាញថា ស្ត្រីដែលបានញ៉ាំផលិតផលទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ជាប្រចាំពុំសូវមានបញ្ហាលើការបង្កកំណើតដូចស្ត្រីដែលបានញ៉ាំផលិតផលទឹកដោះគោមានជាតិខ្លាញ់ទាប ឬមិនដែលញ៉ាំទឹកដោះគោសោះនោះទេ។
ថ្លើមសត្វ
ថ្លើមសត្វ ពិសេសថ្លើមគោសម្បូរទៅដោយវីតាមីន A និងជាតិដែកដែលជួយកាត់បន្ថយការរលូតកូន និងបញ្ហាស្លេកស្លាំងក្នុងពេលមានផ្ទៃពោះ។ វីតាមីន B12 ក្នុងថ្លើមគោចូលរួមក្នុងការបង្កើតគ្រាប់ឈាមក្រហម និងសំយោគ DNA។ វាក៏មានផ្ទុកកូលីន អូមេហ្គា 3 និងហ្វូឡេត។ នៅពេលបរិភោគ ស្ត្រីគួរចំអិនអោយបានឆ្អិនល្អ។
ប៉េងប៉ោះឆ្អិន
ដើម្បីជម្រុញដល់ការបង្កកំណើត បុរសអាចញ៉ាំប៉េងប៉ោះឆ្អិនព្រោះវាសម្បូរដោយជាតិលីកូប៉ែនដែលចូលរួមក្នុងការប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយនិងលើកកម្ពស់ការបង្កកំណើតចំពោះបុរស។ ការបំពេញបន្ថែមនូវអាហារូបត្ថម្ភដែលមានជាតិលីកូប៉ែន 4mg ទៅ8mg ក្នុងមួយថ្ងៃរយៈពេល ៨ ទៅ១២ខែ គឺអាចធ្វើអោយមេជីវីតឈ្មោលមានសុខភាពកាន់តែល្អ និងឱកាសនៃការមានផ្ទៃពោះកាន់តែខ្ពស់។
ប៉េងប៉ោះស្រស់មានជាតិលីកូប៉ែនតិចជាងប៉េងប៉ោះដែលចម្អិនរួច។ បុរសអាចញ៉ាំប៉េងប៉ោះបានក្នុងទម្រង់ជាចំហុយ ស៊ុប ស្ងោរ អាំងជាដើម។
សណ្ដែក
សណ្ដែកសម្បូរដោយជាតិសរសៃ និងហ្វូឡេត។ សារជាតិទាំងពីរមុខនេះចូលរួមក្នុងការរក្សាលំនឹងអរម៉ូនក្នុងរាងកាយ។ សណ្ដែកក៏មានផ្ទុកនូវសារធាតុ polyamine spermidine ក្នុងកម្រិតខ្ពស់ដែលអាចជួយឱ្យមេជីវិតឈ្មោលបង្កកំណើតជាមួយមេជីវិតញី។ សណ្ដែកក៏មានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ដែលជួយអោយដំណើរការនៃការបញ្ចេញមេជីវីតញីបានខ្ពស់ផងដែរ។ ការញ៉ាំសណ្ដែកគឺល្អចំពោះសុខភាពនៃការបង្កកំណើត តែប្រសិនជាស្ត្រីញ៉ាំសណ្ដែកកំប៉ុងគួរតែពិនិត្យមើលថាកំប៉ុងនោះមិនមានជាតិ BPA ព្រោះជាតិនេះបណ្ដាលឱ្យប៉ះពាល់ដល់កម្រិតអរម៉ូនអឺសស្ត្រូហ្សែនក្នុងរាងកាយស្ត្រី។
ទំពាំងបារាំង
125ក្រាមនៃទំពាំងបារាំងផ្ដល់នូវវីតាមីន K គ្រប់គ្រាន់សម្រាប់តម្រូវការក្នុងមួយថ្ងៃ និងជាតិហ្វូឡេត 60% នៃតម្រូវការប្រចាំថ្ងៃ ព្រមទាំងផ្ដល់នូវ ២០%នៃតម្រូវការប្រចាំថ្ងៃចំពោះវីតាមីន A C B1។ ស្ត្រីអាចញ៉ាំទំពាំងបារាំងឆា ឬ ស្រស់។ ទំពាំងបារាំងវេចខ្ចប់ក្នុងកំប៉ុងមានជាតិសូដ្យូមខ្ពស់ដែលមិនល្អចំពោះសុខភាព ។
ស្ត្រីគួរទិញផលិតផលណាដែលមានសូដ្យូមទាប។
អយស្ទ័រ
អយស្ទ័រត្រូវបានការគេចាត់នៅក្នុងប្រភេទអាហារដែលចូលរួមក្នុងការបង្កកំណើត ដោយសារលក្ខណៈជម្រុញនៃការបង្កកំណើតរបស់វា។ អយស្ទ័រឆៅ ៦គ្រាប់ផ្ដល់កាឡូរីរហូតដល់ទៅ ១៣៩ និងសារជាតិចិញ្ចឹមសំខាន់ៗដូចជា៖
- 408% នៃតម្រូវការប្រចាំថ្ងៃរបស់ វីតាមីន B12
- 188% នៃតម្រូវការប្រចាំថ្ងៃរបស់ស័ង្កសី
- 187% នៃតម្រូវការប្រចាំថ្ងៃរបស់សេលេញ៉ូម
- 43% នៃតម្រូវការប្រចាំថ្ងៃរបស់ជាតិដែក
អយស្ទ័រឆៅសម្បូរសារជាតិចិញ្ចឹមជាងឆ្អិន តែវាក៏មានពពួកព្រូន និងអៀនច្រើនដែរ។ ការអាំង ឬ ចំហុយគឺប្រសើរបំផុតក្នុងការជៀសវាងការចម្លងសត្វល្អិត។
ផ្លែទទឹម
ផ្លែទទឹមមានទំនាក់ទំនងទៅនឹងការបង្កកំណើត។ ការសិក្សាក្នុងឆ្នាំ ២០១៤ បានបង្ហាញថា បុរសដែលបានញ៉ាំផ្លែទទឹមជាប្រចាំរយៈពេល៣ខែគឺអាចជួយពង្រឹងដល់សកម្មភាពរបស់មេជីវិតឈ្មោលរហូតដល់ទៅ ៦២%។
គ្រាប់ Walnut
វាសម្បូរដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ និង ៦។ អាស៊ីតខ្លាញ់ទាំងនេះក៏ចូលរួមក្នុងការបង្កកំណើតដែរ។ ការសិក្សាបានបង្ហាញថាការញ៉ាំគ្រាប់ Walnut ៧៥ក្រាមក្នុងមួយថ្ងៃរយៈពេល ១២សប្ដាហ៍ គឺជួយពង្រឹងសមត្ថភាពនៃមេជីវិតឈ្មោល។ គេអាចបរិភោគវាជាប្រភេទអាហារសម្រន់ ឬ បន្ថែមក្នុងការ៉េម។
ស៊ុត(ផ្នែកក្រហម)
ផ្នែកក្រហមរបស់ស៊ុតសម្បូរទៅដោយជាតិដែក កាល់ស្យូម ស័ង្កសី វីតាមីន B6 ហ្វូឡេត និងវីតាមីន B12។ វាក៏ផ្ដល់ ១០០%នូវវីតាមីនA ផងដែរ។ លើសពីនេះ វាក៏មាននូវអាស៊ីតខ្លាញ់ EPA DHA និងវីតាមីន A D E K2។ សារជាតិទាំងនេះចូលរួមក្នុងការបង្កកំណើតរវាងមេជីវិតញី និងមេជីវិតឈ្មោល។ អ្នកគួរញ៉ាំស៊ុតដែលចម្អិនបានឆ្អិនល្អព្រោះការញ៉ាំស៊ុតឆៅអាចបណ្ដាលអោយមានការឆ្លងរោគ។

ត្រីសាលម៉ុន
ត្រីសាលម៉ុនជាប្រភពនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលត្រូវបានគេដឹងថាមានអត្ថប្រយោជន៍ចំពោះការបង្កកំណើតសម្រាប់បុរស និងនារី។ ជាតិសេលេញ៉ូមក្នុងត្រីសាល់ម៉ុនក៏ជួយអោយមេជីវិតឈ្មោលមានសុខភាពល្អផងដែរ។
ឈើអែម
ស្ត្រីដែលមានគីសក្នុងស្បូនគឺធ្វើអោយមករដូវមិនទៀងដែលជាហេតុធ្វើអោយពិបាកក្នុងការមានកូន។ ឈើអែមជួយអោយវដ្តរដូវស្ត្រីដើរទៀងមកវិញ។ ចំពោះវិធីទទួលទាន ស្ត្រីអាចឆុងលាយជាមួយទឹកក្ដៅអ៊ុនៗហើយញ៉ាំជារៀងរាល់ព្រឹកដើម្បីទទួលបានប្រសិទ្ធិភាព។ ការមករដូវកាន់តែទៀងធ្វើអោយឱកាសនៃការមានកូនកាន់តែខ្ពស់។
ប្រភព៖




