កូនបងច្រណែនប្អូនតូច គន្លឹះទាំងនេះជួយឱ្យបងប្អូនចេះស្រលាញ់ចូលចិត្តគ្នា!
ធ្លាប់ជាកូនទោល ឫ ជាកូនពៅ ស្រាប់តែមានវត្តមានប្អូនចូលមកក្នុងក្រុមគ្រួសារដែលធ្វើឱ្យកូនបងមួយចំនួនអាចមានអារម្មណ៍ច្រណែននឹងប្អូន។ ខាងក្រោមនេះជាវិធីកាត់បន្ថយការច្រណែន និងការបង្កើនក្ដីស្រលាញ់របស់កូនបងលើកូនប្អូន៖
ការប៉ះដោយថ្នាក់ថ្នម
បង្រៀនកូនៗទាំងពីរ ឫ បង្រៀនកូនបង(ករណីកូនប្អូននៅជាទារក) ដោយការអង្អែលប្អូនថ្នមៗ។ អាណាព្យាបាលអាចពន្យល់ប្រាប់គេថាការធ្វើបែបនេះជួយឱ្យប្អូន ឫ បងជាកូនល្អរបស់ប៉ាម៉ាក់។ សូមសរសើរក្មេងនៅពេលដែលពួកគេអាចធ្វើចំណុចទាំងនេះបាន ដោយវាជម្រុញឱ្យកូនទាំងពីរចេះស្រលាញ់ និងមិនរករឿងគ្នាទៅវិញទៅមក។
បង្ហាត់បង្រៀន
អាណាព្យាបាលអាចបង្ហាត់បង្រៀនកូនបងឱ្យចូលចិត្តនិងស្រលាញ់ប្អូនៗតាមរយៈការពន្យល់ដោយថ្នាក់ថ្នម និងមិនប្រើកាយវិការហឹង្សា ឫ ការសម្លុតណាមួយ។ វិធីនេះជួយឱ្យកូនៗមានទំនាក់ទំនងល្អជាមួយគ្នា ពិសេសវាជួយបញ្ចៀសការវាយធ្វើបាបប្អូនដោយប្រការណាមួយ។
មានសកម្មភាពភ្លាមៗ
នៅពេលដែលកូនបង ឫ កូនប្អូនវ៉ៃគ្នាទៅវិញទៅមក ម៉ាក់ប៉ាអាចចាប់អ្នកបង្កហេតុនិងអ្នករងគ្រោះដោយការដាក់ម្នាក់ម្ខាង និងប្រាប់ដោយមឺុងម៉ាត់ថា “មិនឱ្យការវាយគ្នាទៅវិញទៅមកនោះឡើយ ហើយកូនអាចចេញពីកៅអីនេះបានលុះត្រាតែកូនសន្យាថាកូនឈប់វ៉ៃគ្នាទៀត”។
ខាងលើនេះមិនមែនជាទណ្ឌកម្ម តែជាការបង្រៀនក្មេងឱ្យចេះដឹងកំហុស នៅពេលដែលក្មេងមានកាយវិការមិនសមរម្យណាមួយកើតមានឡើង។
ការពារ

នៅពេលកូនៗលេង ឫ នៅក្នុងបន្ទប់តែមួយជាមួយគ្នា សូមព្យាយាមឃ្លាំមើលជាប្រចាំ ដោយក្នុងករណីមាននរណាម្នាក់ចាប់ផ្ដើមរករឿងម្នាក់ទៀត សូមពរម្នាក់ទៀតចេញក្រៅ និងបង្វែរអារម្មណ៍ម្នាក់ទៀតតាមរយៈ ការច្រៀង ការលេងរបស់លេង ឫ ញ៉ាំអាហារសម្រន់ជុំគ្នា។ វិធីបែបនេះ ជួយការពារក្មេងពីការវិវត្តនៃអត្តចរិកមិនល្អ។
ជាគំរូសម្រាប់ក្មេង
ម៉ាក់ប៉ាអាចបង្រៀនក្មេងៗពីការមានទម្លាប់ល្អៗ។ សូមកុំឱ្យក្មេងឃើញកាយវិការ ឫ សកម្មភាពដែលមិនសមស្របណាមួយសម្រាប់វ័យដ៏ក្មេងខ្ចីរបស់ពួកគេ។
សរសើរ
នៅពេលដែលកូនបងអាចលេងជាមួយប្អូន និងមិនវាយធ្វើបាបប្អូន អាណាព្យាបាលអាចសរសើរ និងលើកទឹកចិត្តដល់ពួកគេឱ្យបន្តធ្វើបែបនេះទៀត។
ចូលរួមក្នុងសកម្មភាពផ្សេងៗ
ម៉ាក់ប៉ាអាចបង្រៀនកូនបងឱ្យជួយរៀបចំឥវ៉ែឥវ៉ាន់ផ្សេងៗ ឫ ការលេងកំសាន្តជាមួយនឹងប្អូនដែលវាជួយដល់ការបង្កើនទំនាក់ទំនងល្អជាមួយកូនបងនិងកូនប្អូន។
ប្រភព៖




