ឈឺបំពង់កពេលមានផ្ទៃពោះ គួរធ្វើបែបណា?
ក្នុងកំឡុងពេលមានផ្ទៃពោះ រាងកាយស្ត្រីមានប្រព័ន្ធការពាររាងកាយខ្សោយ។ ហេតុនេះងាយឆ្លងនូវជម្ងឺផ្សេងៗដូចជាឈឺបំពង់កជាដើម។ ការឈឺបំពង់កអំឡុងពេលមានផ្ទៃពោះអាចបណ្តាលមកពី វីរុស អាឡែកហ្សី ការបង្ករោគក្នុងមាត់ ឬការច្រាលអាស៊ីតក្រពះ។ តើវាមានរោគសញ្ញាអ្វីខ្លះ? មានវិធីសាស្ត្រអ្វីជួយកាត់បន្ថយបានទេ?
ស្ត្រីដែលឈឺបំពង់កក្នុងពេលមានផ្ទៃពោះតែងមានអាការៈដូចជា ពិបាកលេបអាហារ ក្ដៅខ្លួន ឈឺនៅពេលលេបទឹកមាត់ជាដើម។
ការប្រើប្រាស់ថ្នាំមួយចំនួនមិនត្រូវបានណែនាំអោយប្រើសម្រាប់ស្ត្រីមានផ្ទៃពោះទេ។ ស្ត្រីអាចសាកល្បងវិធីសាស្ត្រខាងក្រោមដើម្បីកាត់បន្ថយភាពឈឺចាប់បាន
១ ញ៉ាំក្រូចឆ្មាជាមួយទឹកឃ្មុំដើម្បីជួយអោយស្រឡះបំពងក សម្លាប់បាតេរី និងកម្ចាត់ស្លេស្ម។
២ អ្នកអាចដាំទឹកក្ដៅ ឬនៅក្នុងបន្ទប់ស្ទិមដើម្បីស្រូបយកចំហាយទឹកក្ដៅ។ ការធ្វើបែបនេះគឺជួយរំលាយស្លេស្មនៅបំពង់ក និងជួយអោយស្រ្តីឆាប់ធូរស្បើយ។ ប្រសិនជាស្ត្រីប្រើម៉ាស៊ីនសម្រាប់ឆ្ពុងច្រមុះ គឺត្រូវប្រាកដថាវាស្អាតនិងមិនមានមេរោគ។
៣ រមៀតមានប្រសិទ្ធិភាពប្រឆាំងទៅនឹងការក្អក។ អ្នកអាចប្រើរមៀត ១ស្លាបព្រាកាហ្វេ លាយជាមួយអំបិល ១ស្លាបព្រាកាហ្វេហើយយកវាមកខ្ពុរមាត់អោយបានញឹកញាប់ដើម្បីកាត់បន្ថយការឈឺចាប់។
៤ ខ្ពុរមាត់ជាមួយតែ Chamomile ។ វាមានប្រសិទ្ធិភាពជួយបំបាត់ការហើម និងឈឺចាប់បំពងក។
៥ អ្នកអាចដាំទឹកខ្ញី លាយជាមួយទឹកឃ្មុំ១ស្លាបព្រា ឬជីអង្កាមទៀតក៏បានដែរ។ វាជួយប្រឆាំងនិងការបង្ករោគក្នុងមាត់ដោយសារបាតេរី និងផ្សិត។ វាក៏ជួយកាត់បន្ថយការឈឺចាប់ និងការហើមដោយសារឈឺកនេះបានដែរ។ ទឹកឃ្មុំមានប្រសិទ្ធិភាពកាន់តែល្អនៅពេលលាយជាមួយទឹកក្ដៅ។
ក្នុងពេលនេះ ស្ត្រីគួរសម្រាកអោយបានគ្រប់គ្រាន់ដើម្បីអោយរាងកាយមានថាមពល និងពង្រឹងប្រព័ន្ធការពាររាងកាយ។ ក្នុងនោះដែរការបរិភោគអាហារនៅតែដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់សុខភាពស្ត្រីមានបន្លែ ផ្លែឈើ សាច់ ទឹកស៊ុប ទឹកដោះគោ។ល។
ការឈឺបំពង់កបង្កដោយវីរុសមានរយៈពេលក្រោម ១សប្ដាហ៍នឹងធូរស្បើយវិញ។ សូមប្រញាប់ទៅជួបគ្រូពេទ្យ ប្រសិនជាអ្នកមានការឈឺបំពងកលើសពី ១សប្ដាហ៍ គ្រុនក្ដៅខ្លាំង ហើយអ្នកបានប្រើវិធីខាងលើហើយមិនបានធូរស្បើយ ។
ប្រភព៖




