ម៉ាក់ៗផ្ដាសាយពេលមានផ្ទៃពោះ តើគួរញ៉ាំថ្នាំដែរឬទេ?

ម៉ាក់ៗផ្ដាសាយពេលមានផ្ទៃពោះ តើគួរញ៉ាំថ្នាំដែរឬទេ?

ស្ត្រីមានផ្ទៃពោះមានប្រព័ន្ធការពាររាងកាយខ្សោយ ដូចនេះងាយប្រឈមនឹងជម្ងឺឆ្លងពិសេសផ្ដាសាយនេះតែម្ដង។ ជម្ងឺនេះមិនបណ្ដាលអោយមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃទេ តែប្រសិនជាវិវត្ដន៍ទៅជាផ្ដាសាយធំនោះនឹងបង្កទៅជាគ្រោះថ្នាក់បាន។ ហេតុនេះហើយបានជាស្ត្រីមានផ្ទៃពោះគួរចាក់វ៉ាសាំងការពារជម្ងឺគ្រុនផ្ដាសាយ។ វាជួយការពារស្ត្រីក្នុងពេលមានផ្ទៃពោះផង និងការពារទារកក្រោយសម្រាលបាន៥ ទៅ ៦ខែទៀតឯនោះ។

តើរោគសញ្ញានៃជម្ងឺផ្ដាសាយមានអ្វីខ្លះ?

ស្ត្រីអាចបង្ការកុំអោយមានការឆ្លងជម្ងឺនេះពីអ្នកដទៃបានដោយលាងសម្អាតដៃអោយបានញឹកញាប់ និងការនៅអោយឆ្ងាយពីអ្នកដែលមានជម្ងឺផ្ដាសាយនេះ។ ចំពោះរោគសញ្ញាមាន ក្ដៅខ្លួន តឹងច្រមុះ កណ្ដាស់ អស់កម្លាំង ក្អកស្ងួត ហៀរសម្បោរជាដើម។ ហើយជម្ងឺនេះគឺបង្កឡើងដោយវីរុស។ ដូចនេះវាងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត ហើយជាទូទៅវាមានរយៈពេល ១០ ទៅ ១៤ថ្ងៃ។

តើម៉ាក់ៗគួរធ្វើដូចម្ដេចនៅពេលមានជម្ងឺផ្ដាសាយ?

ការប្រើប្រាស់ថ្នាំត្រូវបានកម្រិតចំពោះស្ត្រីមានផ្ទៃពោះ តែក៏មានវិធីសាស្ត្រមួយចំនួនដើម្បីកាត់បន្ថយបញ្ហាផ្ដាសាយក្នុងពេលមានផ្ទៃពោះបានដែរ។ ក្នុងនោះមាន

  1. ការសម្រាក ស្ត្រីគួរគេងអោយបានច្រើនពេលមានអាការឈឺក្បាល ឬអស់កម្លាំងពេលផ្ដាសាយនេះ។
  2. ហាត់ប្រាណ ប្រសិនបើស្ត្រីមិនមានបញ្ហាក្អក ឬក្ដៅខ្លួនទេ ស្ត្រីអាចធ្វើការហាត់ប្រាណបែបស្រាលៗដើម្បីបញ្ចេញញើស និងឆាប់បានធូរស្បើយ។
  3. អាហារ ស្ត្រីប្រហែលជាញ៉ាំអាហារមិនសូវបានច្រើនទេនៅពេលនេះ។ តែការញ៉ាំបានគ្រប់គ្រាន់នឹងជួយអោយរាងកាយស្ត្រីរឹងមាំ និងមានកម្លាំង។
  4. វីតាមីន C ជាវិធីសាស្ត្រធម្មជាតិក្នុងការពង្រឹងប្រព័ន្ធការពាររាងកាយអោយបានរឹងមាំ។ ប្រភពផ្ដល់វីតាមីន C មានផ្លែត្របែក ក្រូច គីវី ស្វាយ ប៉េងប៉ោះ ប្រូខូលី។ល។
  5. ជាតិទឹក ក្ដៅខ្លួន កណ្ដាស់ និងតឹងច្រមុះអាចធ្វើអោយជាតិទឹកក្នុងរាងកាយអ្នកថយចុះ។ ស្ត្រីគួរញ៉ាំទឹកក្ដៅឩណ្ឌៗអោយបានច្រើន ឬហុតស៊ុបក្ដៅៗដើម្បីជួយកាត់បន្ថយការតឹងច្រមុះ និងកណ្ដាស់បាន។
  6. ប្រើ​ឧបករណ៍​ចម្រោះ​ខ្យល់​បរិសុទ្ធ ឬ​ផលិត​ខ្យល់ (ភាគច្រើនមាន​ក្នុង​បន្ទប់​ម៉ាស្សា) ក្នុងបន្ទប់គេងរបស់អ្នកអាចថប់ និងមិនមានខ្យល់ចេញចូល។ អ្នកអាចប្រើ​ឧបករណ៍​ចម្រោះ​ខ្យល់​បរិសុទ្ធហើយបន្ថែមក្លិនស្លឹកគ្រៃ ឬក្រូចឆ្មាដើម្បីងាយស្រួលដកដង្ហើម។

ប្រសិនជាអ្នកមានអាការតឹងប្រមុះអ្នកអាចប្រើស្ព្រេស៍ ឬសេរ៉ូមប្រៃដើម្បីលាងសម្អាតស្លេស្មនិងដកដង្ហើមបានស្រួល។ហើយការខ្ពុលមាត់ជាមួយទឹកអំបិលអាចជួយអោយអ្នកកាត់បន្ថយការឈឺបំពង់កបាន។ ម៉្យាងទៀត ការញ៉ាំទឹកឃ្មុំ ក្រូចឆ្មាមួយចំណិតលាយជាមួយទឹកក្ដៅឩណ្ឌៗអាចជួយកាត់បន្ថយការក្អកបានមួយកម្រិត។

បើស្ត្រីបានសាកល្បងវិធីសាស្ត្រខាងលើអស់ហើយនៅតែមិនបានធូរស្បើយ សូមកុំប្រើប្រាស់ថ្នាំផ្ដេសផ្ដាស់គឺត្រូវទៅជួបជាមួយគ្រូពេទ្យដើម្បីធ្វើការព្យាបាលកុំអោយជម្ងឺកាន់តែធ្ងន់ធ្ងរ។

LactimilNutriGoldKabritaBippiBippi Night