ឆែកសុខភាពមុនពេលមានផ្ទៃពោះ៖ អ្វីខ្លះដែលលោកប៉ាអ្នកម៉ាក់ គួរស្វែងយល់មុនចាប់ផ្ដើមមានផ្ទៃពោះ?
មុនចាប់ផ្ដើមមានផ្ទៃពោះ ស្រ្តីគួរទៅជួបគ្រូពេទ្យផ្នែកសម្ភពនិងរោគស្រ្តីដើម្បីធ្វើការពិគ្រោះនិងឆែកសុខភាពទូទៅ។ ក្រៅពីការឆែកសុខភាពទូទៅ គ្រូពេទ្យជំនាញអាចនឹងណែនាំអំពីការថែទាំសុខភាពអំឡុងពេលត្រៀមយកបុត្រពិសេសទៅលើ៖
- ការកំណត់របបអាហារប្រចាំថ្ងៃ
- បញ្ចៀសការជក់បារី ឫ ការនៅជិតផ្សែងពុល
- បឈ្ឈប់ទម្លាប់នៃការហូបគ្រឿងស្រវឹង
- ការគ្រប់គ្រងវិបត្តិស្រេ្តស
- ការផ្លាស់ប្ដូរទម្លាប់អាក្រក់ប្រចាំថ្ងៃ
- ការញ៉ាំអាហារដែលផ្ដល់នូវសុខភាពល្អ
- ការធ្វើលំហាត់ប្រាណ
- ការញ៉ាំវីតាមីន (ញ៉ាំហ្វូលិកអាស៊ីត វីតាមីន ឫ គ្រាប់ថ្នាំជាតិដែក)។
លោកគ្រូអ្នកគ្រូពេទ្យជំនាញនឹងសាកសួរលម្អិតលើអាយុស្រ្តី ប្រវត្តិសុខភាពស្រ្តីនិងស្វាមីពីមុនៗមក។ គ្រូពេទ្យជំនាញអាចនឹងណែនាំឱ្យស្រ្តីចាក់វ៉ាក់សាំងការពារអុតស្វាយ កញ្រ្ជិល ក្រឡរទែន និងរលាកថ្លើមបេ។ ក្រៅពីនេះគាត់អាចនឹងតាមដានលើសម្ពាធឈាម ជីបចរ និងតេស្ដសំខាន់ៗមួយចំនួនទៀត។ គ្រូពេទ្យជំនាញអាចនឹងតាមដានលើប្រវត្តិវដ្ដរដូវរបស់អ្នក (ទៀងឫអត់ មកច្រើនឫតិច និងមករដូវម្ដងៗប៉ុន្មានថ្ងៃជាដើម)។ ស្រ្តី និងស្វាមីក៏ត្រូវជម្រាបគ្រូពេទ្យជំនាញលើឱសថដែលខ្លួនកំពុងប្រើប្រាស់។ ព្រោះឱសថមួយចំនួនមិនមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងអំឡុងពេលមានផ្ទៃពោះទេ ហើយវាអាចប៉ះពាល់ដល់លទ្ធភាពនៃការបង្កកំណើត។ ដែលក្នុងករណីចាំបាច់ គ្រូពេទ្យអាចនឹងប្ដូរឱ្យប្រើឱសថដែលមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងអំឡុងពេលត្រៀមយកបុត្រ និងពេលមានផ្ទៃពោះ។
ស្រ្តីក៏ត្រូវជម្រាបគ្រូពេទ្យអំពីចំនួនកូនដែលខ្លួនកំពុងមាន រយៈពេលដែលតាមយកកូន ប្រវត្តិធ្លាប់រលូត កូនក្រៅស្បូន ឫ ធ្លាប់យកចេញឫអត់។ ព័ត៌មានទាំងនេះមានសារៈសំខាន់សម្រាប់ការធ្វើរោគវិនិច្ឆ័យនិងការណែនាំទៅកាន់ស្រ្តីនិងគ្រួសារ។
ក្នុងករណីដែលស្រ្តីកំពុងមានបញ្ហាសុខភាពដូចជា ជំងឺផ្លូវអារម្មណ៍ (Depression) ឫ ជំងឺហឺត គ្រូពេទ្យអាចណែនាំពីផលប៉ះពាល់ដល់ការមានផ្ទៃពោះ។ ក្នុងករណីស្រ្តីមានជំងឺឆ្កួតជ្រូក ជំងឺទឹកនោមផ្អែម ប្រវត្តិគ្រួសារមានវិបត្តិខ្វះគ្រាប់ឈាមក្រហម ជំងឺ thalassaemia ឫ cystic fibrosis គ្រូពេទ្យផ្នែកសម្ភពនឹងលើកទឹកចិត្តស្រ្តីឱ្យទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញលើមុខជំងឺទាំងអស់នោះ។
ប្រភព៖




